ភ្នំពេញ៖ឆ្លើយតបទៅនឹងការផ្សព្វផ្សាយដែលបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជារបស់បរទេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០ភាគ។
ក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន OCIC ៩០ភាគរយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១០ភាគរយដែលតំណាងឱ្យរដ្ឋ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា«ចឹងមិនមែនដូចការផ្សព្វផ្សាយខ្លះថា ព្រលានយន្តហោះនេះជារបស់បរទេស ប្រទេសនេះប្រទេសនោះទេ គឺជារបស់ខ្មែរ១០០ភាគរយ វិនិយោគដោយកូនខ្មែរ ហើយអ្វីដែលជាពិសេសនោះទៀត លោក ឧកញ៉ា ពុង ឃាវសែ បានបង្ហាញខ្ញុំ ចាប់តាំងពីបើកការដ្ឋានរហូតដល់ការកសាង ស្ថាបត្យករ វិស្វករ និងអ្នកសាងសង់៩០ភាគរយជាកូនខ្មែរ»។
សម្ដេចធិបតី បានទាំងជំរុញបន្ថែមឱ្យប្រើប្រាស់ធនធានមនុស្សជាកូនខ្មែរ១០០ភាគរយតែម្ដងសម្រាប់ជំហានបន្ទាប់ ដែលនេះជាការពង្រឹងសមត្ថភាព។
សូមជម្រាបជូនថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី១) មានចំនួន ២,៣០០ លានដុល្លារអាម៉េរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយអ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកTIA។
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4Fបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ៕













0 Comments:
Post a Comment