ភ្នំពេញ៖ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ។
ក្នុងពិធីនេះផងដែរ ឯកឧត្តម សូមចូលអបអរសាទរ ដល់និស្សិតជ័យលាភីដែលទើបតែបានបញ្ចប់ការសិក្សា ជាស្ថាពរ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ តាមជំនាញដែលបានជ្រើសរើសរៀងៗខ្លួន។ ជ័យលាភីថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត នៃជីវិតបុគ្គលរបស់ប្អូនៗផង និងជាការបន្ថែមសក្កានុពលមួយថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងផង។
ទោះបីជាយ៉ាងនេះក្តី ការទទួលសញ្ញាបត្រនាថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សារៀនសូត្រ សម្រាប់ប្អូនៗនោះទេ។ ផ្ទុយទៅវិញ វាជាចំណុចចាប់ផ្ដើមដ៏សំខាន់ សម្រាប់ដំណើរការរៀនសូត្រថ្មីៗទៀត ព្រោះការអប់រំ គឺជាដំណើរដ៏វែងឆ្ងាយ ដែលបន្តពេញមួយជីវិត។ ប្អូនៗ ត្រូវបន្តចាប់យកឱកាសពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួននៅក្នុងសង្គម ដែលពោរពេញដោយឱកាស តែស្របពេលជាមួយគ្នា គឺការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្តរជាតិ។
ដូចប្រសាសន៍របស់ សម្តេចមហាបវរធិបតី ថា៖ “ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ”។ ប្រសាសន៍ដ៏មានតម្លៃនេះ បញ្ជាក់យ៉ាងច្បាស់ថា អនាគតរបស់ប្រទេសជាតិមួយ មានការរីកចម្រើន គឺស្ថិតលើសមត្ថភាព និងគុណភាពមូលធនមនុស្ស ដែលកើតមាន តាមរយៈការទទួលបានការអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌។
ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ គ្រប់កម្រិតពីបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។
សាជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរដល់ប្អូនៗនិស្សិតជ័យលាភីទាំង ២,៨១៤នាក់ ដែលនឹងទទួលបានសញ្ញាបត្រមួយដ៏មានតម្លៃសម្រាប់ជីវិត ហើយក៏សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលតែងតែខិតខំបណ្តុះ បណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព និងមានចំណេះជំនាញពិតប្រាកដ ដើម្បីជាកម្លាំងចលករស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង។
0 Comments:
Post a Comment