សូមស្វាគមន៍ www.sbpn-phnompenhsantepheap.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ គេហទំព័រ ភ្នំពេញសន្តិភាព / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Tuesday, September 30, 2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ទស្សនកិច្ច និងប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

ចំនួនអ្នកទស្សនា: Views

 




នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ទស្សនកិច្ច និងប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group of Companies) ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅអគារ Wing Tower ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
















ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល!

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ចាប់ពេលនេះទៅមុខទៀត ដោយរបៀបណា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់លើវិស័យ ចំនួន ២ ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺ ទី១. វិស័យអប់រំ និងទី២. វិស័យសុខាភិបាល។ ឯកឧត្តម បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀង នាព្រឹកនេះ មានចំនួន ៥០៤នាក់។ ក្រុមគ្រូពេទ្យ នឹងពិនិត្យព្យាបាលជំងឺទូទៅ រួមមាន៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ សើស្បែក ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក និងវាស់ភ្នែក។ ក្រៅពីនេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក តម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម៕




















រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក, ការលក់ឥណទានកាបូន មិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនទេ តែបម្រើដល់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក ការលក់ឥណទានកាបូននៅកម្ពុជា គឺមិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គលណាម្នាក់ ឬក្រុមហ៊ុនឯកជនណាមួយនោះទេ ប៉ុន្តែ ថវិកាដែលទទួលបានពីការកាបូន បម្រើឱ្យផលប្រជាសហគមន៍ សម្រាប់ចំណាយទៅការងារជាច្រើននៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

Wednesday, September 24, 2025

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧

ចំនួនអ្នកទស្សនា: Views

 ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ “ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផល អស់ជាច្រើនទសវត្សរ៍មកហើយ នៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះ បានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតី មិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះ ទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយ ស្របតាម អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះ ហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000)។

ក្រសួងការបរទេស បានបន្តថា នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមុនៗ ដើម្បីបញ្ចៀសសកម្មភាព ដែលអាចបង្កើនភាពតានតឹង ឬពង្រីកតំបន់ជម្លោះ។ កម្ពុជាបាន និងកំពុងអត់ធ្មត់បំផុត និងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ តាមសេចក្តីប្រាថ្នា ដែលភាគីទាំងពីរបានលើកឡើងដូចគ្នាថា នេះគឺជាពេលដែលទាំងសងខាងគួរតែរួមគ្នាខិតខំលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត កសាងទំនុកចិត្តរវាង គ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ។

ក្រសួងបានបញ្ជាក់បន្ថែមទៀតថា ហេតុនេះ វាមិនមែនជាកាយវិការស្ថាបនាទេ ដែលមានការបំផុសបញ្ហាដូចបានប្រកាសជាសាធារណៈ ដោយកងទ័ពជើងទឹកថៃ ដែលបញ្ហានេះត្រូវបានដោះស្រាយសមស្របរួចហើយ ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាចុងក្រោយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ លើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទ ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការ ប្រើកម្លាំងនោះទេ៕

អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC, តាមការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញនិងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជា

ចំនួនអ្នកទស្សនា: Views


(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

Tuesday, September 23, 2025

ជាប់គាំងដោយសារក្បួនរថយន្តលោក ត្រាំ​ នៅទីក្រុងញូវយ៉ក, លោក ម៉ាក្រុង ទូរស័ព្ទទៅប្តឹងលោក​ ត្រាំ ភ្លាមៗទាំងការលេងសើច

ចំនួនអ្នកទស្សនា: Views

ជាប់គាំងដោយសារក្បួនរថយន្តលោក ត្រាំ​ នៅទីក្រុងញូវយ៉ក, លោក ម៉ាក្រុង ទូរស័ព្ទទៅប្តឹងលោក​ ត្រាំ ភ្លាមៗទាំងការលេងសើច

(ញូវយ៉ក)៖ សូម្បីតែប្រធានាធិបតីក៏មិនអាចគេចផុតពីការរំខានដោយចរាចរណ៍ដ៏មមាញឹកនៅទីក្រុងញូវយ៉កបានដែរ ខណៈដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបប្រទះរឿងនេះដោយផ្ទាល់កាលពីយប់ថ្ងៃចន្ទ នៅពេលដែលមន្ត្រីប៉ូលិសម្នាក់បានឃាត់លោកមិនឲ្យឆ្លងផ្លូវ ដោយសារតែក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងឆ្លងកាត់។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជំនួសឲ្យការរង់ចាំដោយស្ងៀមស្ងាត់ លោក ម៉ាក្រុង បានដកទូរស័ព្ទចេញ ហើយខលទៅលោក ត្រាំ ដោយផ្ទាល់ពីចិញ្ចើមផ្លូវ ដើម្បីនិយាយលេងអំពីស្ថានភាពរបស់លោក។ នេះបើយោងតាមវីដេអូឃ្លីបមួយដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ នៅក្នុងវីដេអូនោះ មន្ត្រីប៉ូលិសដែលហាក់មានការខ្មាសអៀន បាននិយាយទៅកាន់លោក ម៉ាក្រុង ថា «ខ្ញុំសូមអភ័យទោស លោកប្រធានាធិបតី ខ្ញុំពិតជាសូមអភ័យទោសណាស់... គឺថាអ្វីៗទាំងអស់ត្រូវបានបិទទាំងស្រុងនៅពេលនេះ។ មានក្បួនរថយន្តមួយកំពុងមកដល់»។

ដោយត្រូវបង្ខំចិត្តរង់ចាំនៅពីក្រោយរបាំងការពារ លោក ម៉ាក្រុង ក៏បានទូរស័ព្ទទៅលោក ត្រាំ ភ្លាមៗ។ លោកបាននិយាយទាំងសំណើចថា «ទាយមើលថាមានរឿងអ្វី - ខ្ញុំកំពុងរង់ចាំនៅតាមផ្លូវ ព្រោះអ្វីៗទាំងអស់ត្រូវបានបិទសម្រាប់លោក»។ លោកបានឆ្លៀតឱកាសនោះ បន្ថែមថា លោកចង់ពិភាក្សាខ្លីៗជាមួយលោក ត្រាំ និងប្រទេសកាតា អំពីស្ថានការណ៍នៅតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ប្រភពជិតស្និទ្ធនឹងប្រធានាធិបតីបារាំងបានបញ្ជាក់ថា លោក ម៉ាក្រុង ពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ មែន ខណៈកំពុងដើរតាមផ្លូវ។ ប្រភពដដែលបានបន្ថែមថា ការសន្ទនានោះប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់ ហើយបានអនុញ្ញាតឲ្យមេដឹកនាំទាំងពីរពិភាក្សាលើប្រធានបទអន្តរជាតិមួយចំនួនផងដែរ៕

ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃ ចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃ ចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ



(ភ្នំពេញ)៖ យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បានបង្ហាញថា ក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។

យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។

ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដីក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង នាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិ បានពន្យល់ថា បើទោះជាគេផ្អែកលើខ្សែបន្ទាត់ព្រំដែនមិនផ្លូវការដែលបានគូសដោយឯកតោភាគី លើផែនទីរូបភាពផ្កាយរណបរបស់ថៃ ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ក៏ដោយ តែនៅក្នុងភូមិសាស្ត្រជាក់ស្តែងក្នុងមូលដ្ឋានបង្ហាញឱ្យឃើញការពិត៖ «ការស៊ើបអង្កេតជាក់ស្តែងនៅនឹងកន្លែងបង្ហាញយ៉ាងច្បាស់ថា មានការកាន់កាប់ និងការប្រើប្រាស់ទឹកដីកម្ពុជាពិតប្រាកដ ដោយពលរដ្ឋថៃ»។

លោកក៏បានកត់សម្គាល់ថា អាជ្ញាធរថៃកំពុងអនុវត្តស្តង់ដារពីរក្នុងបញ្ហានេះ។ លោកបានថ្លែង «ជាមួយគ្នានេះ ខ្ញុំគួរសង្កត់ធ្ងន់ថា កន្លងមកយោធាថៃ និងអាជ្ញាធរខេត្តថៃបានជ្រើសរើសយកការប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីធ្វើការទាមទារដោយបានបង្ហាញតែកន្លែងដែលពួកគេចោទថា ពលរដ្ឋខ្មែរទន្ទ្រានចូលទឹកដីថៃ ខណៈដែលពុំបានបង្ហាញទីតាំងដែលពលរដ្ឋ និងទាហានថៃបានរំលោភចូលទឹកដីកម្ពុជាសោះឡើយ»៕

លោក Trump សង្ឃឹមថា «មនុស្សរាប់មិនអស់មកពីជុំវិញពិភពលោក នឹងទៅចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 និងកីឡាអូឡាំពិកឆ្នាំ 2028

ចំនួនអ្នកទស្សនា: Views

 លោក Trump សង្ឃឹមថា «មនុស្សរាប់មិនអស់មកពីជុំវិញពិភពលោក នឹងទៅចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 និងកីឡាអូឡាំពិកឆ្នាំ 2028

(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា «មនុស្សរាប់មិនអស់មកពីជុំវិញពិភពលោក» នឹងចូលរួមព្រឹត្តិការណ៍ World Cup 2026 និងកីឡាអូឡាំពិកឆ្នាំ Olympics 2028 ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះខាងមុខនេះ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការធ្វើដំណើរក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ 2.9% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែសីហា នៅប្រហែលប្រមាណ ៣.៥លាននាក់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថារបស់លោក Trump បាននិយាយថា នៅឆ្នាំ២០២៦ សហរដ្ឋអាមេរិកនឹងប្រារព្ធខួបលើកទី២៥០ឆ្នាំ នៃឯករាជ្យរបស់ពួកគេ ហើយលោកបានបន្តថា យើងក៏នឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026 ប្រកបដោយមោទនភាព ហើយមិនយូរប៉ុន្មាន ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៩ «វានឹងគួរឱ្យរំភើបណាស់ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមក ខ្ញុំសង្ឃឹមថាមនុស្សរាប់មិនអស់មកពីជុំវិញពិភពលោកនឹងចូលរួម»។

ជាមួយគ្នាននោះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយនៅដើមខែនេះថា ពាក្យស្នើសុំសំបុត្រជាង ១.៥លានពីអ្នកគាំទ្រចំណោម ២១០ ប្រទេស ត្រូវបានទទួលដោយ FIFA សម្រាប់ការកក់សំបុត្រទស្សនាការប្រកួត World Cup ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការផ្តើមកក់សំបុត្រ ។

សូមជម្រាបផងថា ការប្រកួត FIFA World Cup 2026 នឹងត្រូវធ្វើជាសហម្ចាស់ផ្ទះដោយរួមគ្នារវាងប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ជាមួយការបង្កើនក្រុមដល់ចំនួន៤៨ ហើយនឹងមានការប្រកួតចំនួន ១០៤ប្រកួត នៅទូទាំង ១៦ទីក្រុងរបស់ម្ចាស់ផ្ទះត្រូវរៀបចំ ខណៈកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ គ្រោងនឹងប្រារព្ធធ្វើនៅទីក្រុង Los Angeles ក្នុងរដ្ឋ California នៅអំឡុងខែកក្កដា ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្ត ដែលបានរៀបចំសណ្ដាប់ធ្នាប់ និងថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

 សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្ត ដែលបានរៀបចំសណ្ដាប់ធ្នាប់ និងថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរួចបានផ្ញើសារថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្ត ដែលបានរៀបចំសណ្ដាប់ធ្នាប់ និងថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ញើសារអរគុណមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «សូមអរគុណចំពោះ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរយើងឱ្យបានឋិតថេរគង់វង្សតរៀងទៅ ( ថ្ងៃទី ៨ កញ្ញា ~ ២៣​ កញ្ញា ២០២៥)»។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕